Ads Section

Sunday, October 11, 2020

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកលិច និងសួរសុខទុក្ខប្រជាពលរដ្ឋ ជាមួយនឹងការពិនិត្យមើល ការកាយប្រឡាយ អមមហាវិថី ឈ្នះឈ្នះ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពេញ១ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នេះ បានចុះពិនិត្យស្ថានភាពទឹកលិច ដោយជំនន់ទឹកភ្លៀង និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងភូមិសាស្តសង្កាត់សាក់សំពៅ និងសង្កាត់គងនយ ខណ្ឌដង្កោ ហើយបានបន្តដំណើរមកពិនិត្យមើលស្ថានភាព ការងារកាយប្រឡាយអមវិថីឈ្នះៗចំនួន៣៧ទីតាំង នៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅដែលរងការរំលោភបំពានចាក់ដីលុបនិងដាក់លូតូចៗ ជំនួសពីប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យស្ទះទឹក ដែលក្រុមការងារ និងអាជ្ញាធរខណ្ឌ បាននឹងកំពុងស្តារនិងកាយប្រឡាយនេះវិញ។

ក្នុងការចុះពិនិត្យស្ថានភាពទឹកលិច ដោយជំនន់ទឹកភ្លៀង និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់គងនយ ខណ្ឌដង្កោនោះ លោក ឃួង ស្រេង បានចាត់ឲ្យមានក្រុមមន្ត្រីប្រចាំការ នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ចាំជួយអន្តរាគមន៍ជាមួយប្រជាពលរដ្ឋ និងរាយការណ៍បន្ទាន់ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា។

ក្នុងនោះដែរ លោក ឃួង ស្រេង បានជួយឧបត្ថម្ភជាអង្ករដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅសង្កាត់គងនយ ចំនួន៩០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ក២៥គីឡូផងដែរ។

នៅព្រឹកថ្ងៃដដែលនោះ លោក ឃួង ស្រេង ក៏បានបន្តចុះទៅពិនិត្យស្ថានភាពទឹកលិច និងពិនិត្យសកម្មភាព ជីកកាយប្រឡាយអមមហាវិថីឈ្នះៗចំនួន៣៧ទីតាំង ដែលរងការរំលោភបំពានចាក់ដីលប់ និងដាក់លូតូចៗ ជំនួសពីប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យស្ទះទឹកពេលទឹកភ្លៀងធ្លាក់យ៉ាងគំហុក និងហូរធ្លាក់មកបន្ថែម ពីស្រុកអង្គស្នូល ខេត្តកណ្តាល និងកំពង់ស្ពឺ មួយចំណែកទៀត ធ្វើអោយកើតមានជំនន់ទឹកភ្លៀងលិចភូមិដ្ឋាន ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងនៅរសៀលថ្ងៃ១០ ខែតុលានេះថា ការជីកកាយប្រឡាយអមវិថីឈ្នះឈ្នះ ចំនួន៣៧ទីតាំង នៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ ទំលាក់ទៅបឹងតម៉ោក គិតមកដល់ពេលនេះ សម្រេចបានប្រមាណជាង៧០ភាគរយហើយ ហើយការងារនេះ គ្រោងនឹងបញ្ចប់នៅ១សប្តាហ៍ទៀត ។

លោក ឃួង ស្រេង ធ្លាប់បានបញ្ជាក់ហើយថា មានកត្តា៣សំខាន់ដែលធ្វើឲ្យិភូមិសាស្ត្ររាជធានីភ្នំពេញ ប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំង ដោយសារជំនន់ទឹកភ្លៀងគឺ៖ បរិមាណទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់១០៥មីលីម៉ែត្រ, ផ្ទៃទឹកភ្លៀងដែលធ្លាប់តែ ទទួលចែករំលែកទឹកទៅតាមអូ, ប្រឡាយឬវាលស្រែនានា ត្រូវបានអភិវឌ្ឍន៍ទៅជាសំណង់លំនៅដ្ឋាន, និងមួយចំណែកទៀត មានការចាក់ដីរំលោភប្រឡាយពីប្រ ជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភព ដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹកមិន អាចហូរទៅណាបាន ក៏បណ្តាលលិចភូមិសាស្ត្រខាងលើនេះតែម្តង។

តែទោះបីយ៉ាងណា អាជ្ញាធររាជធានីភ្នំពេញ បាននឹងខិតខំដោះស្រាយបញ្ហានេះ តែសុំការចូលរួមសហការ និងការយោគយប់ពីប្រជាពលរដ្ឋ ចំពោះផលប៉ះពាល់ខ្លះ ក្នុងពេលយើងបើកមុខទឹកនេះ៕


Share:

0 Comments:

Post a Comment

Definition List

Contact

Pages

Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.